News & Events

សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា
ទស្សនកិច្ចសិក្សា នៅសាលាគុន «បុក្កតោក្មេងវត្តថាន់»

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣០ ដល់៧៖០០នាទីល្ងាច និស្សិតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដឹកនាំដោយលោកសាស្ត្រាចារ្យ មត សុមឿន អ្នកជំនាញផ្នែក «វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ» បានធ្វើទស្សនកិច្ចសិក្សានៅ សាលាគុនបុក្កតោក្មេងវត្តថាន់សាខាទី២ ដែលស្ថិតនៅក្នុងបុរីសូនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺពង្រឹងការស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅទៅលើមេរៀនមួយស្តីពីក្បាច់គុនបុរាណខ្មែរនៅក្នុងមុខវិជ្ជា«ការសិក្សាអំពីខ្មែរ» ក៏ដូចជាបានទស្សនាជាក់ស្តែងនូវភាពអស្ចារ្យនៃក្បាច់គុនបុរាណខ្មែរ «បុក្កតោ»។
ក្នុងជំនួបសម្ភាសន៍ជាមួយលោកគ្រូ អាថាន់សេនាស្តេចហនុមាន ដែលជាគ្រូបង្វឹកផ្ទាល់នៅទីនោះ បានមានប្រាសាសន៍ថា ក្បាច់គុនបុរាណខ្មែរបុក្កតោនេះត្រូវបានបង្កើតឡើងដោយខ្មែរយូរលង់ណាស់មកហើយ។ លោកគ្រូបានបញ្ជាក់បន្ថែមថាពាក្យ «បុក្កតោ» ពេលខ្លះគេហៅថា «ល្បុក្កតោ» ព្រោះតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ល្បុក្កតោ» មានន័យថា ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃជាគ្រឿងការពាររងដំបងវែង ឬបុកបុះការពារខ្លួន ដែលពាក្យទាំងពីរនេះហាក់មិនទាន់មានការឯកភាពគ្នាក្នុងការប្រើនាពេលបច្ចុប្បន្ននៅឡើយ។ មិនត្រឹមតែទទួលបានការយល់ដឹងបន្ថែមអំពីប្រវត្តិ អត្ថន័យ លក្ខណៈសម្គាល់ និងអត្ថប្រយោជន៍នៃការហាត់រៀននិងការប្រើប្រាស់គុនបុរាណខ្មែរបុក្កតោប៉ុណ្ណោះទេ លោកគ្រូថែមទាំងបានសម្តែងបង្ហាញក្បាច់គុនបុក្កតោ និងអនុញ្ញាតឱ្យនិស្សិតយើងបានចូលរួមហាត់រៀនសាកល្បងជាក់ស្តែងប្រកបដោយបរិយាកាសរីករាយទៀតផង។
សារពីលោកគ្រូ អាថាន់សេនាស្តេចហនុមាន ជូនបងប្អូនជានជាតិខ្មែរ ជាពិសេសយុវជន សូមជួយគាំទ្រគុនបុរាណខ្មែរ «បុក្កតោ» និងចូលរួមហាត់រៀនទាំងអស់គ្នា ដើម្បីសុខភាពផ្លូវកាយ-ចិត្ត ការពារខ្លួន ការពារប្រទេសជាតិ និងថែរក្សាអភិរក្សក្បាច់គុននេះឱ្យបានគង់វង្សយូរអង្វែង។
សាកលវិទ្យាល័យ ខេមតិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អាថាន់ ជាស្ថាបនិក និងជាអ្នកចាត់ការទូទៅនៃសាលាគុនបុក្កតោក្មេងវត្តថាន់ ដែលបានអនុញ្ញាតឱ្យនិស្សិតយើងខ្ញុំបានចុះទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់។ ទស្សនកិច្ចសិក្សានេះ ពិតជាបានផ្តល់ចំណេះដឹងស៊ីជម្រៅបន្ថែមផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងលើទ្រឹស្តីដែលបានរៀនក្នុងថ្នាក់។ យើងខ្ញុំសូមគាំទ្រ និងចូលរួមថែរក្សាមរតកគុនបុរាណខ្មែរដ៏ថ្លៃថ្លាមួយនេះឱ្យបានគង់វង្សតរៀងទៅ។

ព័ត៌មានជាប់ពាក់ព័ន្ធ

Loading