នៅថ្ងៃសុក្រ ទី២៨ ខែមករា លោកស្រី សុង ខេងឡាយ អនុប្រធានប្រតិបត្តិ / ប្រធានប្រតិបត្តិការទទួលបន្ទុកសាខា / បណ្តាញចែកចាយនៃធនាគារកាណាឌីយ៉ា, លោកស្រី ឆេង សុភា នាយកផ្នែកអតិថិជននៃធនាគារ; លោក Sam Huang នាយកផ្នែកធនធានមនុស្ស បានធ្វើទស្សនកិច្ចផ្ទាល់នៅសាកលវិទ្យាល័យខេមតិច ដើម្បីពិភាក្សាជាមួយក្រុមការងាររបស់ខេមតិច ដែលដឹកនាំដោយលោកបណ្ឌិត ឃៀង សុធី ដែលជាសាកលវិទ្យាធិការ ដើម្បីពិភាក្សាពីវិស័យផ្សេងៗដែលស្ថាប័នទាំងពីរអាចធ្វើសហប្រតិបត្តិការជាមួយគ្នា។ ធនាគារកាណាឌីយ៉ា និងសាកលវិទ្យាល័យខេមតិចបានពិភាក្សាដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដោយស្ថាប័នទាំងពីរបានកំណត់នូវវិស័យផ្សេងៗដែលអាចធ្វើជាកិច្ចសហការជាមួយគ្នា មានដូចជាឱកាសធ្វើកម្មសិក្សា និងការងារសម្រាប់និស្សិត វគ្គបណ្តុះបណ្តាលខ្លីៗ និងវគ្គចែករំលែកចំណេះដឹង គម្រោងស្រាវជ្រាវ និងប្រឹក្សារួមគ្នា គម្រោងនរវានុវត្តន៍នានា ដូចជាគម្រោងក្នុងការលើកកម្ពស់ការទូទាត់ដោយគ្មានប្រើប្រាស់សាច់ប្រាក់ កម្ចីអចលនទ្រព្យ/កម្ចីសម្រាប់សិស្ស និងអាហារូបករណ៍ទេពកោសល្យស្ទេម។ ធនាគារកាណាឌីយ៉ា និងសាកលវិទ្យាល័យខេមតិច មានទស្សនៈវិស័យ និងគោលដៅដូចគ្នា ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក្នុងការលើកកម្ពស់ការនវានុវត្តន៍ ដើម្បីជួយដល់ការសម្រេចបាននូវសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា។