“វិទ្យាសាស្រ្ដ” មានមនុស្សជាច្រើនបានស្គាល់ និងបានឮពីពាក្យមួយនេះ ជាពិសេសមនុស្សក្នុងសតវត្សទី២១។ វិទ្យាសាស្រ្ដត្រូវបានចូលមករស់នៅក្នុងសង្គមមនុស្សយ៉ាងមមារញឹក ក្រោមរូបភាពជាច្រើនដូចជា ឧបរកណ៍ប្រើប្រាស់ យានជំនិះ ក្នុងវិស័យសុខាភិបាល និងការស្រាវជ្រាវជាដើម។ ជាមួយគ្នានោះដែរ សំណួរមួយត្រូវបានចោតឡើងថា តើនរណាជាអ្នកនាំយកវត្តមានរបស់ “វិទ្យាសាស្រ្ដ” មកក្នុងជីវិតយើងគ្រប់ៗគ្នា? ចម្លើយគឺ អ្នកវិទ្យាសាស្រ្ដ។ អ្នកវិទ្យាសាស្រ្ដគឺជាបុគ្គលទាំងឡាយណាដែលមានចំណេះជ្រៅជ្រះទៅលើ ប្រធានបទខាងលើ។
នៅថ្ងៃចន្ទ ទី ២១ ខែ មិនា ឆ្នាំ ២០២២ សាកលវិទ្យាល័យខេមតិច ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យខេមតិច មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលមានឱកាសជួបសំណេះសំណាល ជាមួយនឹង លោកសាស្រ្ដាចារ្យបណ្ឌិត ឆែម គាតរិទ្ធីក្រោមប្រធានបទ “ ជីវិតក្នុងវិស័យវិទ្យាសាស្រ្ដ ”។ លោកសាស្រា្ដចារ្យបាន លើកឡើងស៊ីជម្រៅទៅលើ កត្តាសំខាន់ៗដែលជម្រុញលោកឲ្យក្លាយជាអ្នកវិទ្យាសាស្រ្ដដូចជា ការប្រើប្រាស់វិទ្យាសាស្រ្ដដើម្បីជួយជីវិតមនុស្ស ការស្វែងយល់ពីអាថ៌កំបាំងនៃជីវិត ការចង្អុលបង្ហាញបន្ថែមពីវិទ្យាសាស្រ្ដ វិទ្យាសាស្រ្ដនិងភាពប៉ិនប្រសព្វ វិទ្យាសាស្រ្ដសម្រាប់ការអភិវឌ្ឍ និងវិទ្យាសាស្រ្ដសម្រាប់ការកម្សាន្ដ។
ការសំណេះសំណាលដែលនិយាយរៀបរាប់ពីដំណើរជីវិតរបស់លោកសាស្រ្ដាចារ្យក្នុងការប្រឡូកចូលជីវិតមួយក្នុងនាមជាអ្នកវិទ្យាសាស្ដ្រ បានក្លាយជាមូលហេតុយ៉ាងសំខាន់របស់និស្សិតគ្រប់រូបឲ្យប្រឹងប្រែងតស៊ូក្នុងការសម្រេចគោលដៅរបស់ពួកគេ។ លើសពីនេះទៅទៀត ក្រុមនិស្សិតក៏បានយល់ដឹងពីសារៈសំខាន់នៃការកំណត់គោលដៅឲ្យបានច្បាស់លាស់ ការយល់ដឹងពីជំនាញទន់ និងភាពក្លាហានក្នុងការសាកល្បងធ្វើអ្វីមួយដែលខ្លួនស្រឡាញ់ឬចាប់អារម្មណ៍។