នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យ ខេមតិច មានកិត្តិយស ទទួលការអញ្ជើញទស្សនកិច្ច ពីសំណាកលោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងលោកស្រី ជា សុខហៀក នាយកប្រតិបត្តិនៃក្រុមហ៊ុនសូរិយា សេនធ័រភ័នធ៍។ ដំណើរទស្សនកិច្ចនេះ ផ្តួចផ្តើមឡើងក្នុងគោលបំណង ណែនាំសាកលវិទ្យាល័យខេមតិច ដល់ក្រសួងកិច្ចការនារី និងពិភាក្សា ដើម្បីស្វែងយល់ពីឱកាសសហការគ្នា។ សាកលវិទ្យាល័យខេមតិច និង ក្រសួងយល់ឃើញថា កម្លាំងពលកម្មនាពេលបច្ចុប្បន្នមិនទាន់អាចឆ្លើយតបទៅតាមតម្រូវការនៃឧស្សាហកម្មដែលកំពុងកើនឡើងបានឡើយ ខណៈពេលដែលប្រទេសកម្ពុជាកំពុងឈានទៅរកសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.0។
គួរបញ្ជាក់ផងដែរថា ខេមតិច និងក្រសួងកិច្ចការនារី មានគោលដៅ និងចក្ខុវិស័យដូចគ្នា ដោយយើងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអប់រំស្ទីម ភាពជាសហគ្រិន និងលើកកម្ពស់ស្ត្រី។ សាកលវិទ្យាល័យខេមតិច ប្តេជ្ញាថានឹងកសាងភាពជាដៃគូបន្ថែមទៀតជាមួយក្រសួងពាក់ព័ន្ធ ឧស្សាហកម្ម និងសហគមន៍ ដើម្បីផ្ដល់នូវការអប់រំដែលមានគុណភាពខ្ពស់ ដើម្បីឲ្យសិស្សានុសិស្សរបស់យើងទទួលបានជំនាញ និងចំណេះដឹងកម្រិតខ្ពស់។