News & Events

ក្រុមការងារសាកលវិទ្យាល័យខេមតិច ដឹកនាំដោយសាកលវិទ្យាធិការ បានទៅធ្វើទស្សនកិច្ចសិក្សា និងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(Asian Institute of Technology – AIT) នៅខេត្ត Pathum Thani ព្រះរាជាណាចក្រថៃ

ក្នុងគោលដៅកសាងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយជាមួយគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ និងសាកលលោក ក្រុមការងារសាកលវិទ្យាល័យខេមតិច ដឹកនាំដោយបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ បានទៅធ្វើទស្សនកិច្ចសិក្សា និងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(Asian Institute of Technology – AIT) នៅខេត្ត Pathum Thani ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោកសាស្ត្រាចារ្យបណ្ឌិត Shobhakar Dhakal នាយករងវិទ្យាស្ថាន AIT ទទួលបន្ទុកសិក្សាធិការ បានសម្តែងការស្វាគមន៍ប្រតិភូសាកលវិទ្យាល័យខេមតិចយ៉ាងកក់ក្តៅ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជជែកផ្តោតលើចំណុចសំខាន់មួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលអនាគត រួមមាន៖ (១) កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាងសាស្ត្រាចារ្យ និងបុគ្គលិក (២) កម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់សាស្ត្រាចារ្យ និងបុគ្គលិក និងការផ្តល់ឱកាសអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត (៣) កម្មវិធីបណ្តុះបណ្តាលម៉ូដែល៥ឆ្នាំ (Unified Bachelor-Master Program) និង (៤) កិច្ចសហការរវាងមជ្ឈមណ្ឌលសហគ្រិនភាពនៃវិទ្យាស្ថានAIT និងមជ្ឈមណ្ឌលនវានុវត្តន៍សង្គមនៃសាកលវិទ្យាល័យខេមតិច លើគម្រោងស្រាវជ្រាវ និងការរៀបចំសិក្ខាសាលារួមគ្នា សំដៅលើកកម្ពស់សហគ្រិនភាពនិងនវានុវត្តន៍ ក៏ដូចជា ការគាំទ្រដល់សកម្មភាពនៃបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Solutions Network – SDSN) ដែលបច្ចុប្បន្នស្ថាប័នទាំងពីរគឺជាសមាជិកនៃបណ្តាញនេះ។
សាកលវិទ្យាល័យខេមតិច នឹងខិតខំបន្តកសាងភាពជាដៃគូ និងពង្រីកសហការជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ និងសាកលលោកបន្តទៀត ក្នុងគោលដៅបង្កើតកិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់បណ្តាញទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ការទទួលស្គាល់គុណភាព និងឱកាសផ្សេងៗទៀត។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading