កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចសហការពីលោកនាយកវិទ្យាល័យហ៊ុនសែនស្អាង ក្រុមការងារសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (ខេមតិច) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ បានរៀបចំកម្មវិធីប្រឹក្សាយោបល់ស្តីពីការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ការងារនាពេលអនាគត ដល់សិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ កម្មវិធីនេះមានគោលបំណងសំខាន់បីគឺ៖ ១) ផ្តល់ឱកាសឱ្យសិស្សថ្នាក់ទី១២ បានជួបប្រឹក្សាយោបល់ផ្ទាល់ជាមួយក្រុមការងារនៃសាកលវិទ្យាល័យខេមតិច លើការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា ២) លើកកម្ពស់ការយល់ដឹងពីនិន្នាការអប់រំ និងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត ៣) ជំរុញការត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សា។
សមាសភាពដែលបានចូលរួមនៅក្នុងកម្មវិធីនេះ មានសិស្សថ្នាក់ទី១២ប្រមាណ៧០នាក់ និងគ្រូបង្រៀនមួយចំនួនផងដែរ ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីប្រឹក្សាយោបល់ស្តីពីការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងតម្រង់ទិសអាជីពសម្រាប់ការងារនាពេលអនាគត គឺជាបេសកកម្មមួយដ៏សំខាន់របស់សាកលវិទ្យាល័យខេមតិច ក្នុងការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការយល់ដឹងពីនៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សារបស់ប្អូនៗសិស្សថ្នាក់ទី១២ ឱ្យឆ្លើយតបទៅនឹងនិន្នាការអប់រំ និងតម្រូវការទីផ្សារការងារក្នុងយុគសម័យបដិវឌ្ឍន៍ឧស្សាហកម្ម៤.០នេះ និងធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សាកលវិទ្យាល័យខេមតិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងលោកនាយកវិទ្យាល័យហ៊ុនសែនស្អាង ដែលបានអនុញ្ញាតឱ្យក្រុមការងារយើងខ្ញុំមានឱកាសជួបសំណេះសំណាល និងផ្តល់ការប្រឹក្សាយោបល់ផ្ទាល់ជាមួយប្អូនៗសិស្សថ្នាក់ទី១២ ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។ ជំនួបនេះពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្អូនៗសិស្សថ្នាក់ទី១២ទាំងនោះ ក្នុងការត្រៀមលក្ខណៈបន្តការសិក្សា និងចាប់យកមុខជំនាញដែលខ្លួនគួររៀននៅឧត្តមសិក្សា។