News & Events

ASIP Conference 2025

សន្និសីទអន្តរជាតិ ASIP ប្រចាំឆ្នាំលើកទី១៥ ត្រូវបានរៀបចំជាលើកទី១ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានកិច្ចសហការរវាងសាកលវិទ្យាល័យខេមតិច និងសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ(Asian Society for Innovation and Policy- ហៅកាត់ថា ASIP) ក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសន្និសីទនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៥ ។
សន្និសីទអន្តរជាតិASIP ផ្តោតសំខាន់លើអភិបាលកិច្ចនៃបច្ចេកវិទ្យាវៃឆ្លាត ក្រោមវេទិការពិភាក្សាពីគោលនយោបាយនវានុវត្តន៍ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយប្រធានបទក្នុងឆ្នាំនេះ គឺស្វែងរកដំណោះស្រាយបញ្ហាប្រឈមជាសាកលក្នុងការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិមិត្ត (AI) រ៉ូបូត ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធឌីជីថលប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាដល់ដំណើរការនវានុវត្តន៍ ភ្ជាប់ទៅនឹងក្រមសីលធម៌ ពិចារណាដល់បញ្ហាសង្គម និងការដាក់នូវការអនុវត្តគោលការណ៍ជាដើម។
យើងសង្ឃឹមថា ការពិភាក្សាពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិតនេះនឹងទទួលបាននូវលទ្ធផលល្អ រួមមានការពង្រឹងនូវកិច្ចសហការប្រតិបត្តិការនៃការស្រាវជ្រាវ តាក់តែងគោលនយោបាយដែលផ្តោតលើអភិបាលកិច្ច បញ្ញាសិប្បនិម្មិត(AI)ប្រកបដោយក្រមសីលធម៌ ពង្រីកការស្រាវជ្រាវ និងប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយអ្នកដឹកនាំនវានុវត្តន៍ក្នុងតំបន់។ អត្ថបទស្រាជ្រាវនឹងបោះពុម្ភផ្សព្វផ្សាយក្នុងទិនានុប្បវត្តិ(Journal) របស់វិទ្យាស្ថានASIP Asian Journal of Innovation and Policy និងមានឱកាសបោះពុម្ភផ្សាយនៅលើ CamTech University Press, Electronic Journal of Business and Management (EJBM), Journal of Applied Technology and Innovation (JATI) និងJournal of Scientometric Research ជាដើម។
 
ក្នុងការថ្លែងងសន្ទរកថា បើកនៃសិន្នសិទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា៖ “វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះនឹងកំណត់អនាគតរបស់យើង ឬអត់នោះទេ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះយ៉ាងណា ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោលដៅបង្កើនវឌ្ឍនភាពសម្រាប់មនុស្សជាតិ។”
 
ឯកឧត្តមបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងត្រូវតម្រង់ទិសការវិនិយោគរបស់យើងកាន់តែស៊ីជម្រៅ លើការអភិវឌ្ឍមូលធនមនុស្ស។ សាកលវិទ្យាល័យមិនអាចធ្វើការងារនេះតែឯងបានទេ។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល វិស័យសិក្សាស្រាវជ្រាវ ឧស្សាហកម្ម និងដៃគូក្នុងតំបន់ពិតជាចាំបាច់។” ក្នុងនោះផងដែរ លោកបណ្ឌិត Ko Young-Joo ប្រធានសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី បានបង្ហាញការប្តេជ្ញាចិត្តផ្នែកសង្គមរបស់សហគមន៍នេះ ក្នុងការជំរុញការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងការបណ្តុះគំនិតច្នៃប្រឌិតនៅទូទាំងតំបន់។
 
លោកបានបញ្ជាក់ថានេះមិនត្រឹមតែជាសន្និសីទអប់រំប៉ុណ្ណោះទេ តែជាជួបជុំរវាងអ្នកស្រាវជ្រាវ សហគ្រិន អ្នកបង្កើតគោលនយោបាយ និងនិស្សិតក្នុងការផ្លាស់ប្តូរគំនិត ដើម្បីទប់ស្កាត់បញ្ហាប្រឈមមុខនានាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលកំពុងដាក់ប្រើប្រាស់ជាទូទៅដូចជាAI រ៉ូបូត និងវិស័យផ្សេងៗទៀត។ បេសកម្មរបស់យើងមានភាពច្បាស់លាស់ គឺព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំាងនេះប្រកបដោយចីរភាព ផ្តល់ការអភិវឌ្ឍមួយដ៏រីកចម្រើន និងភាពល្អប្រសើរសម្រាប់អនាគតមនុស្សជាតិ។

Related Events

Loading